bethborin

Thursday, December 5, 2013

ខ្ញុំចង់និយាយបន្តិចពីរឿងពុករលួយ !


មានមនុស្សច្រើនណាស់ ដែលយល់ច្រឡំពីអំពើពុករលួយ ។ ពួកគេយល់ថា ដែលហៅថា អំពើពុករលួយ ទាល់តែមានសកម្មភាពស៊ីសំណូក និងការសូកប៉ាន់....។ វាគឺជាការយល់ច្រឡំទាំងស្រុង ..... អំពើពុករលួយ មិនមែនមានត្រឹមតែការស៊ីសំណូក សូកប៉ាន់ (Bribery) នោះទេ តែវារួមមានសកម្មភាពផ្សេងៗទៀត។ ការគៃបន្លំ , ការក្លែងបន្លំ , ការជំរិតយកលុយ , បក្សពួកនិយម , ការរំលោភឆន្ទានុសិទ្ធិ , ការផ្តល់ប្រាក់វិភាគទានមិនត្រឹមត្រូវទាក់ទិននឹងនយោបាយ សុទ្ធតែចាត់ ចូលជាអំពើពុករលួយ !

ការក្លែងបន្លំ(Fraud) គឺស្រួលយល់ទេ ! មានន័យថា មន្រ្តីម្នាក់ក្លែងបន្លំឯកសារចំណាយ ដើម្បី កេងយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ឬសំរាប់បក្ខពួកខ្លួន! ទិញកុំព្យូទ័រអស់ តែ $500 តែនៅក្នុងបញ្ជីចំណាយ ដាក់ថា $1000 អាណឹងគេហៅថាក្លែងបន្លំ!

ចំណែកឯគៃបន្លំ (Embezzlement) គឺយកតែម្តង ! ឧទារហរណ៍ មន្ទីរពេទ្យមួយទទួលបានថ្នាំពេទ្យ ចំនួន ១ តោន សំរាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យ ។ ផ្ទុយទៅវិញ ប្រធានមន្ទីរពេទ្យ យក ពាក់កណ្តាលទៅលក់ យកលុយចូលហោប៉ៅ ។ អាណឹងគេហៅថា គៃបន្លំ !


ចំណែកឯ ការជំរិតយកលុយ(Extortion) គឺថា មន្រ្តីមានអំណាចម្នាក់មិនព្រមយកអំណាចនោះទៅអនុវត្តតាមច្បាប់ទេ តែបែរជាយកទៅជំរិតយកលុយ ។ ឧទាហរណ៍ ប៉ូលីសម្នាក់ ដឹងថា ជនម្នាក់ជាឈ្មួញរកស៊ីគ្រឿងញៀន ប៉ុន្តែមិនព្រមចាប់ខ្លួនបញ្ជូនទៅ តុលាការទេ តែបែរជាទៅគំរាមឈ្មួញរកស៊ីគ្រឿងញៀន ដើម្បីយកលុយ ជាថ្នូរនឹងការ មិនចាប់ខ្លួនជនល្មើសនោះ។ បែបហ្នឹង គឺជាការជំរិត !

បក្សពួកនិយម (Nepotism) គឺងាយយល់បំផុត ! ជ្រើសរើសតែកូនក្មួយបស់ខ្លួន សាច់ញាតិរបស់ខ្លួនចូលធ្វើការងារក្នុងក្រសួង មន្ទីរ ដោយប្រើអំណាចរបស់ខ្លួន!

ការរំលោភឆន្ទានុសិទ្ធិ (Abuse of discretion) ដូចជាពិបាកយល់បន្តិច ! តែសូមមើល ឧទាហរណ៍ ! ឧបមាអ្នកគឺជាមន្រ្តីមានអំណាចក្នុងការសំរេច ហើយអ្នកបានសំរេច ផ្តល់កិច្ចសន្យាសាងសង់មួយ ទៅឲ្យក្រុមហ៊ុនមួយ ដែលអ្នកមានភាគហ៊ុននៅក្នុងនោះ ដែរ ។ នេះគឺជាការរំលោភឆន្ទានុសីទ្ធិ !

ការផ្តល់វិភាគទានមិនត្រឹមត្រូវទាក់ទិននឹងនយោបាយ ((Improper political contributions) ក៏ជាអំពើពុករលួយដែរ ។ ពួកសេដ្ឋី ឧកញ៉ាមួយចំនួន បានផ្តល់ប្រាក់ ជាអំណោយដល់រដ្ឋាភិបាល ឬជាវិភាគទានដល់គណបក្សនយោបាយ ជាថ្នូរនឹង លាភសក្ការៈផ្សេងៗ ដូចជាងាយទទួលបានកិច្ចសន្យាធំៗពីរដ្ឋ, ងាយប្រព្រឹត្តអំពើ ខុសច្បាប់ (ដូចជាកាប់បំផ្លាញព្រៃឈើ, ជួញដូរគ្រឿងញៀន, រត់ពន្ធ....), ទទួល បានសម្បទានផ្សេងៗ ដូចជាដីសម្បទាន កោះ ឡូតិ៍នេសាទ ភ្នំទេសចរណ៍ ប្រាសាទ បូរាណ....ជាដើម !

នេះគ្រាន់តែជាចំណេះដឹងតូចមួយពាក់ព័ន្ធនឹងបញ្ហាពុករលួយ ! ដូចនេះ សូមបងប្អូន ប្រជារាស្រ្តខ្មែរគិតមើលទៅ តើរូបភាពទាំងអស់នៃអំពើពុករលួយ ដែលខ្ញុំបានលើកឡើង មានដែរឬទេ នៅស្រុកខ្មែរ?

No comments:

Post a Comment