bethborin

Monday, June 16, 2014

Father's Day ដ៏សោកសៅ​សម្រាប់​ខ្ញុំ​


នៅ​ទិវា​នេះ​គេ​ម្នាក់ៗ​គេ​បាន​ជូន​ពរ​ប៉ា គេ​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​ប៉ា​ គេ​បាន​ជូន​កាដូ​ គេ​បាន​ជូន​ប៉ា​ទៅ​ទី​កន្លែង​កម្សាន្ត​ កន្លែង​ញ៉ាំ​អី ​​តែ​សម្រាប់​ខ្ញុំ​គឺ​ខ្ញុំ​គ្មាន​ថ្ងៃ​នោះ​ដូច​គេ​ទេ​ព្រោះ​តាំង​ពី​​ដឹង​ក្ដី​មក ​ខ្ញុំ​មិន​ដែល​ចេះ​ប្រើ​ពាក្យ​ថា​ប៉ា​នោះ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ស្គាល់​មុខ​ប៉ា​យ៉ាង​ម៉េច​ដែរ? តើ​មាន​អ្នកណា​ខ្លះ​ធ្លាប់​ដឹង​ពី អារម្មណ៍​ដែល​គ្មាន​ប៉ា​ ? អ្នក​ផ្សេង​អាច​និយាយ​ថា​បើ​និយាយ​ថា​មិន​មាន​ប៉ា​មិន​ស្រឡាញ់​ប៉ា​វា​ជា​ការ​អកតញ្ញូ តែ​បើ​សិន​ជា​អ្នក​សាក​​គិត​គាត់​ បាន​ចាក​ចោល​កូន​ប្រុស​ដែល​មាន​អាយុ​ទើប​តែ​៣​ឆ្នាំ​ ទៅ​រស់​នៅ​ជា​មួយ​ប្រពន្ធ​ថ្មី​ដែល​បាន​ឲ្យ​កូន​ដ៏​តូច​​និង​ម្ដាយ​រស់​នៅ​យ៉ាង​លំបាក​ស៊ី​អត់​ស៊ី​ឃ្លាន​រយៈពេល​ជាង​១០​ឆ្នាំ​ ។​ អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​ជីវិត​ដែល​គ្មាន​មេ​គ្រួសារ​ជួយ​ផ្គត់​ផ្គង់​​ចិញ្ចឹម​គ្រួសារ​ថា​វា​​​ក្រ​វា​លំបាក​ប៉ុនណា​នោះ​ទេ​​។ ពេល​ព្រឹក​ពេល​ភ្ញាក់​ពី​គេង​ត្រូវ​ទោ​មើល​ក្នុង​ឆ្នាំង​តើ​មាន​បាយ​កក​សល់​អាច​ហូប​បាន​ទេ? ត្រូវ​បើក​ធុង​អង្ក​តើ​មាន​អង្ក​សម្រាប់​ដាំបាយ​ថ្ងៃ​ដែរ​ទេ? បន្ទាប់​ពី​មាន​អង្ក​ តើ​​បាន​អី​ហូប​ជាមួយ​នឹង​បាយ? ​ពេល​ខ្លះ​បាយ​ឆ្អិន​ហើយ​គ្មាន​ទេ​ម្ហូប​សម្រាប់​ហូប​ កុំ​ថា​ឡើយ​ម្ហូប​ នៅ​ក្នុង​ផ្ទះ​រក​តែ​ទឹក​ត្រី ទឹក​ស៊ី​អ៊ីវ​គ្មាន​ផង​ ​ហូប​ជាមួយ​អំបិល​ ស​ និង​បាយ​ ពេល​ខ្លះ​កុំ​ថា​ឡើយ​បាយ​ និង​អំបិល គឺ គ្មាន​ទាំង​បាយ​សម្រាប់​ហូប​ផង ទៅ​មើល​ធុង​អង្ក​គឺ មាន​ល្មម​តែ​បបរ គឺ បបរ​ហូប​និង​អំបិល​ទៅ ។ បើ​គាត់​ជា​ប៉ា​គេ​តើ​គាត់​មាន​ទំនូល​ខុស​ត្រូវ​ដែរ​​ទេ​? សូម​ចាត់​ទុក​​ថា​កូន​ដែល​បាន​ផ្ដល់​កំណើត​នេះ​វា​បាន​ស្លាប់​ដូច​សត្វ​ធាតុ​​អស់​ទៅ​ចុះ ​ព្រោះ​ជាង​១០​ឆ្នាំ​អ្នក​មិន​បាន​មើល​ថែ​ ឬ​ផ្ដល់​ចំណី​នោះ​ទេ​ ដូច្នេះ​វា​គ្មាន​ទេ​សម្រាប់​ឲ្យ​អ្នក​ហៅ​ថា​កូន ព្រោះ​សត្វ​ទាំងនេះ​វា​បាន​ត្រដរ​រស់​ដោយ​ខ្លួន​វា​យ៉ាង​លំបាក​ពេក​ក្រៃ ។ ចាត់​ទុក​ថា​តំណក់​ឈាម​នៃ​ជីវិត​នេះ​នេះ​វា​ជា​ការ​ចៃដន្យ​បាន​ស្រក់​ចោល​ទៅ​ចុះ។ ម៉ាក់​គ្មាន​អ្វី​ទាំង​អស់​គាត់​ខំ​ចិញ្ចឹម​កូន​ទាំង​បាទ​ដៃ​ទទេ គាត់​សុខចិត្ត​ស៊ីអត់​ស៊ីឃ្លាន​គាត់​មិន​ដែល​ចាក​ចេញ​ពី​កូន​នោះ​ឡើយ​តែ​ហេតុ​អី បាន​ជា​គាត់​មិន​អាច​ជួយ​ចិញ្ចឹម​កូន​សត្វ​ទាំង​នេះ​បាន​។ គេ​គ្រប់​គ្នា​មាន​ប៉ា​ហៅ​គេ​សប្បាយ​ចិត្ត​ តែ​សម្រាប់​ខ្ញុំ​ពាក្យ​នេះ​ខ្ញុំ​សុំ​មិន​ប្រើ​ មិន​មាន​ការ​ហៅ​ជា​រៀង​រហូត​ ហើយ​ក៏​មិន​ចង់​ស្គាល់​ចង់​ប្រើ​ពាក្យ​នេះ​ដែរ​ខ្ញុំ​ស្អប់​ពាក្យ​នេះ​ជា​រៀង​រហូត​ ។ ជា​កូន​ដែល​គ្មាន​ឪពុក​ ត្រូវ​បាន​​មិត្ត​ភក្ដិ​បង្អាប់​​នៅ​ក្នុង​ថ្នាក់​ត្រូវ​បាន​មិត្ត​ភក្ដិ​បន្តុះ​បង្អាប់​ ត្រូវ​បាន​អ្នក​ជិត​ខាង​មើល​ងាយ​​ តើ​នេះ​វា​មិន​មាន​ការ​ឈឺ​ចាប់​គ្រប់គ្រាន់​ទេ​ឬ? ​
សូម​ជូន​ពរ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​រស់​នៅ​បន្ត​ឲ្យ​បាន​អាយុ​វែង​មាន​សេចក្ដី​សុខ​រហូត​ទៅ​តែ​ត្រូវ​ចាំ​ថា​​របស់​ដែល​អ្នក​បាន​ចោល​កុំ​រើស​ត្រឡប់​មក​វិញ​ ព្រោះ​អ្នក​មិន​ដែល​ស្ដាយ​ក្រោយ​នូវ​ទំហើ​​ដែល​អ្នក​បាន​បោះ​បង់​ចោល​​របស់​ទាង​នោះ​ទេ​ វា​មិនមែន​ជា​កំហុស​អ្នក​ទេ​តែ​វា​ជា​កំហុស​របស់​ខ្ញុំ​ដែល​បាន​យក​កំណើត​ក្រោម​តំណក់​ឈាម​របស់​អ្នក​។ (ពី​កូន​គ្មាន​ឪពុក @BB.​)​​​​​​​​​​​​