
Tuesday, February 19, 2013
សាលាក្រុងភ្នំពេញលើកផែនការបោសសំអាតជនអាណាថា
សាលាក្រុងភ្នំពេញ បានដាក់ផែនការឲ្យគ្រប់ខណ្ឌចាប់ផ្ដើមប្រមូលជនអាណាថាដើម្បីរក្សាសណ្ដាប់ធ្នាប់ក្រុងភ្នំពេញនៅពេលដែលពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែខិតជិតចូលមកដល់។
លោកកែប ជុតិមាអភិបាលក្រុងភ្នំពេញបានប្រកាសអំពីការរក្សាសណ្ដាប់ធ្នាប់ក្រុងភ្នំពេញដើម្បីសោភ័ណភាពក្រុង និងសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសប្រជុំប្រចាំខែមេសារបស់សាលាក្រុង និងនៅពេលមានសំណូមពរពីមហាជន។
លោកស្រីលី សូផាត នាយិកាអង្គការមិត្តសំឡាញ់ដែលធ្វើការងារជាមួយកុមារកំព្រាបានមានប្រសាសន៍ថា ការបំបាត់ជនអាណាថាទាំងស្រុងនៅក្នុងសង្គម គឺមិនអាចធ្វើទៅបាននោះទេ។
លោកស្រីបានបញ្ជាក់ថា ការដោះស្រាយចំពោះជនអាណាថាត្រូវប្រើពេលវេលាវែងដែលផ្សារភ្ជាប់ជាមួយការផ្ដល់មុខរបរឲ្យពួកគាត់។
(សំឡេងលោកស្រីលី សូផាត)
លោកស្រីបានឲ្យដឹងថា សាលាក្រុងកំពុងធ្វើស្ថិតិជនអាណាថា។ ប៉ុន្តែលោកស្រីបានអះអាងថា ចំនួនជនអាណាថាមិនថយចុះនោះទេនាពេលបច្ចុប្បន្ន។ ដោយលោកស្រីបានពន្យល់ថានៅពេលរដ្ឋអំណាចចាប់ពួកគេឲ្យទៅនៅជាយក្រុង ហើយក្រោយមកគេនឹងត្រឡប់មកវិញពីព្រោះ នៅទីប្រជុំជនមានកន្លែងដែលពួកគេអាចរកអ្វីហូបបាន។
លោកស្រីនាយិកាបានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យពួកគេក្លាយជាជនអាណាថា។
លោកស្រីលី សូផាតបានឲ្យដឹងទៀតថាជនអាណាថាមានជាជនអាណាថាទោល និងជនអាណាថាជាគ្រួសារ។ លោកស្រីបានបញ្ជាក់អំពីការលំបាកក្នុងការរំដោះជនអាណាថា។
នាយិកាអង្គការមិត្តសំឡាញ់បានឲ្យដឹងថា អង្គការនេះបានជួយយុវជន និងកុមារនៃគ្រួសារក្រីក្របានចូលរៀនមុខជំនាញដែលគេអាចរកប្រាក់ផ្គត់ផ្គង់ឪពុកម្ដាយ ដើម្បីឲ្យគ្រួសារនោះឈប់ត្រាច់ចរតទៅទៀត។ ប៉ុន្តែលោកស្រីបានបញ្ជាក់ថា ជនចំណាកស្រុកចូលមកក្រុងក៏កើតឡើងដែលធ្វើឲ្យបរិមាណជនអាណាថាមិនធ្លាក់ចុះនោះទេ។
សូមបញ្ជាក់ថា សាលាក្រុងក៏មានផែនការរក្សាសណ្ដាប់ធ្នាប់នៅពេលដែលមេដឹកនាំធំៗ ដូចជាសហរដ្ឋអាមេរិកដែលគ្រោងមកចូលរួមកិច្ចប្រជុំអាស៊ានបូកនៅភ្នំពេញនាខែវិច្ឆិកាខាងមុខនេះ៕
http://www.radioaustralia.net.au/khmer/radio/onairhighlights/798134

Subscribe to:
Post Comments (Atom)
No comments:
Post a Comment